ឧបនាយករដ្ឋមន្ត្រី ស សុខា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាទីគោរពស្រលាញ់បំផុត ។
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលត្រូវជាស្វាមី របស់លោកជំទាវឧកញ៉ាធម្មាមង្គលមុនី បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងជីតាទួត ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន លើសពីនេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ មានស្នាដៃច្រើនរាប់មិនអស់ក្នុងការចូលរួម ចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅក្នុងព្រះពុទ្ធសាសនា។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕