សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល មន្ត្រី និងអ្នកស្ម័គ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ពិតជាសោកស្តាយ និងស្រណោះអាឡោះអាល័យពន់ពេក់ណាស់ ព្រោះថាការទទួលមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមស្វាមី ឪពុក ជីតា ជីតាទួត និងឥស្សរជននយោបាយដ៏ឆ្នើមនៃកម្ពុជាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ប្រកាន់ខ្ជាប់ តាមគន្លងព្រះពុទ្ធសាសនា ដែលក្នុងមួយជីវិតរបស់សម្តេចបានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយ-ចិត្ត ធនធាន ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានឆន្ទៈមោះមុតក្នុងបេសកកម្មមនុស្សធម៌កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ជាពិសេស បានចូលរួមស្តារឡើងវិញនូវមុខមាត់ កិត្តិយស កិត្តិនាម និងកិត្តិស័ព្ទរបស់កាកបាទក្រហមកម្ពុជា ពីបាតដៃទទេរហូតទទួលបានភាពម្ចាស់ការស្ទើរទាំងស្រុងដូចសព្វថ្ងៃនេះ។
“ទោះបីរូបកាយរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី កូន ចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ជានិច្ចនិរន្តរ៍។”
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕