លោក Xi Jinping ឆ្លើយតបសំបុត្ររបស់បញ្ញវន្តអាហ្វ្រិក
ថ្ងៃទី ២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញាចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស“សកលខាងត្បូង”។
លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើឡើងដោយជោគជ័យ ដែលបានបន្លឺឡើងនូវស្នូរត្រែនៃយុគសម័យដែលធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ដើម្បីត្រួសត្រាយអនាគតដ៏ទូលំទូលាយនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនដែលស្វែងរកការអភិវឌ្ឍសន្តិភាព ផ្តោតលើការធ្វើកំណែទម្រង់និងបើកទូលាយកំពុងរីកចម្រើនខ្លាំងក្លា ដែលពិតជានឹងបង្កើនកម្លាំងនៃសន្តិភាពនិងយុត្តិធម៌នៃពិភពលោក នឹងចាក់កម្លាំងចលករមិនចេះរីងស្ងួតដល់ដំណើរការទំនើបកម្មពិភពលោក ជាពិសេសការអភិវឌ្ឍនៃប្រទេស “សកលខាងត្បូង”។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិងអាហ្វ្រិកជាសហគមន៍រួមវាសនាពីដើមរហូតមក។ ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសចិននិងអាហ្វ្រិកត្រូវបង្កើនសមគ្គីភាពនិងសហប្រតិបត្តិការជាងពេលណាៗទាំងអស់។ កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការជុំថ្មីនឹងបើកធ្វើនៅពេលឆាប់ៗខាងមុខនេះ មេដឹកនាំភាគីទាំងពីរចិននិងអាហ្វ្រិកនឹងជួបជុំគ្នាម្តងទៀត ដើម្បីពិគ្រោះពិភាក្សាផែនការសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបន្ថែមទៀត ដែលនឹងចារទំព័រថ្មីនៃទំនាក់ទំនងចិន-អាហ្វ្រិកឱ្យកាន់តែល្អអស្ចារ្យ។ សង្ឃឹមថា បញ្ញវន្តអាហ្វ្រិកទាំងអស់នឹងបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញាចំពោះការបង្កើតសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ដើម្បីគាំពារផលប្រយោជន៍រួមរបស់ប្រទេស“សកលខាងត្បូង”៕