ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានខ្លឹមសារដូចខាងក្រោម៖
«ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹង មរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ដែលត្រូវជាស្វាមីរបស់ លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ ដោយ សេចក្តីអាឡោះអាល័យ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងជីតាទូត ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន លើសពីនេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ មានស្នាដៃច្រើនរាប់មិនអស់ក្នុង ការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅក្នុងព្រះពុទ្ធសាសនា។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ» ៕