គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអនុម័តពីព្រះមហាក្សត្រ នៅសប្តាហ៍នេះ
បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា លោកស្រីបានបញ្ចប់ជួរគណៈរដ្ឋមន្ត្រីរបស់លោកស្រី ហើយរំពឹងថានឹងដាក់ការតែងតាំងថ្នាក់រដ្ឋមន្ត្រីសម្រាប់ការយល់ព្រមពី ព្រះមហាក្សត្រ ក្នុងសប្តាហ៍នេះ។
លោកស្រី Paetongtarn បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃចន្ទថា បេក្ខជនទាំងអស់ត្រូវបានពិនិត្យបន្ទាប់ពី ដំណើរការដ៏យូរ ហើយបញ្ជីឈ្មោះរដ្ឋមន្ត្រីចំនួន៣៥ នឹងត្រូវបានដាក់ជូនក្នុងពេលឆាប់ៗក្នុងសប្តាហ៍នេះ ។
នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayacha បានឲ្យដឹងមុននេះថា រដ្ឋាភិបាលចម្រុះថ្មីដឹកនាំ ដោយគណបក្សភឿថៃ របស់លោកស្រី Paetongtarn ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជាផ្លូវការនៅ ពាក់កណ្តាលខែកញ្ញា។
លោកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែសីហា បន្ទាប់ពីលោក Srettha Thavisin របស់គណបក្សភឿថៃ ត្រូវបានដកហូតសិទ្ធិដោយសារការរំលោភក្រមសីលធម៌ដោយសេចក្តីសម្រេចរបស់តុលាការ បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំ។