កម្ពុជាជាប់ចំណាត់ថ្នាក់ទាបបំផុតទីពីរ ក្នុងសន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្សនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីទីម័រខាងកើត
ភ្នំពេញ៖ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០២២ ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កម្ពុជាជាប់ឈ្មោះជាប្រទេសមានសន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្ស(HDI) ទាបបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសទីម័រខាងកើត ខណៈសិង្ហបុរីជាប់លំដាប់ថ្នាក់កំពូលតារាងជាប្រទេសមានធនធានមនុស្សល្អបំផុតនៅអាស៊ីអាគ្នេយ៍។
របាយការណ៍ UNDP បានបង្ហាញថា សិង្ហបុរី មានសន្ទសន្សន៍ធនធានមនុស្សខ្ពស់បំផុតនៅអាស៊ីអាគ្នេយ ដែលមានពិន្ទុ០,៩៤៩ និងជាប់ចំណាត់ថ្នាក់ទី៩ នៅលើពិភពលោក ខណៈប្រ៊ុយណេជាប់ចំណាត់លេខ២នៅអាស៊ាន និងលេខ៥៥នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ០,៨២៣។ ជាមួយគ្នានេះ ម៉ាឡេស៊ីជាប់ចំណាត់លេខ៣នៅអាស៊ាន និងលេខ៦៣នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ ០,៨០៧។ ចំណែកចំណាត់ថ្នាក់លេខ៤នៅអាស៊ាន និង៦៦លើពិភពលោកធ្លាក់ទៅលើកណ្តាប់ដៃប្រទេសថៃជាមួយពិន្ទុ០,៨០៣។
ក្រឡេកទៅមើលវៀតណាមវិញ ជាប់ចំណាត់ថ្នាក់លេខ៥នៅអាស៊ាន និងលេខ១០៧នៅលើពិភពលោក ដោយមានពិន្ទុ០,៧២៦។ ទន្ទឹមគ្នានេះ ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៦នៅអាស៊ាន និងលេខ១១២នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុចំនួន០,៧១៣ តាមពីក្រោយយ៉ាងប្រកៀកដោយហ្វីលីពីនជាមួយចំណាត់ថ្នាក់ទី៧នៅអាស៊ាន និងទី១១៣នៅលើពិភពលោក ដោយមានលំដាប់ពិន្ទុចំនួន ០,៧១០។ ឡាវស្ថិតនៅលេខរៀងទី៨នៅអាស៊ាន និង១៣៩នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ០,៦២០។
រីឯមីយ៉ាន់ម៉ាមានពិន្ទុ០,៦០៨ ឈរនៅលេខរៀងទី៩នៅអាស៊ាន និងទី១៤៤នៅលើពិភពលោក។ អភ័ព្វតែកម្ពុជា ស្ថិតនៅលេខរៀងទៅ១០ក្នុងចំណោមសមាជិកអាស៊ាន និងលេខរៀងទី១៤៨នៅលើពិភពលោក ជាមួយពិន្ទុ០,៦០០ ស្របពេលទីម័រខាងកើតបិទគូទតារាង ដោយមានពិន្ទុចំនួន០,៥៦៦។
គួរបញ្ជាក់ថា របាយការណ៍នេះបានដាក់ចំណាត់ថ្នាក់ប្រទេសចំនួន១៩៣ ដោយផ្អែកលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់ពួកគេ។ សន្ទស្សន៍ពិចារណាលើសុខភាព ការអប់រំ ប្រាក់ចំណូល និងគុណភាពនៃជីវិត ដើម្បីផ្តល់នូវរង្វាស់នៃការអភិវឌ្ឍមនុស្ស៕