ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងនូវអាទិភាព ៨ចំណុច ដើម្បីកែលម្អគុណភាព នៃការអប់រំកម្រិតមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារ ជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោកស្រី Tania Meyer, Country Manager នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធទាំងអស់។
ជំនួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារនេះ រៀបចំឡើង ដើម្បីពិភាក្សាពីគម្រោងការអប់រំកម្រិតមូលដ្ឋាន ២០២៥-២០៣០ ក្នុងគោលដៅស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងការកំណត់អាទិភាពនៃការកែលម្អវិស័យអប់រំនៅកម្ពុជា ដើម្បីដាក់ចេញជាសកម្មភាពយុទ្ធសាស្ត្រ និងស្វែងរកការគាំទ្រ ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងកែលម្អសមត្ថភាពរបស់គ្រូ ជាការឆ្លើយតប តាងនាមក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសគឺគម្រោងការអប់រំកម្រិតមូលដ្ឋាន (Basic Education Project) ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានលើកឡើងនូវអាទិភាព ៨ចំណុច ដើម្បីកែលម្អគុណភាពនៃការអប់រំកម្រិតមូលដ្ឋាន រួមមាន៖ ១). ការបង្កើនរយៈពេលរៀនសូត្រពីពាក់កណ្តាលថ្ងៃ ទៅពេញមួយថ្ងៃ, ២) ការលើកកម្ពស់គុណភាពគ្រូបង្រៀន ទាំងការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលឡើងវិញ ៣). ការលើកម្ពស់អភិបាលកិច្ចសាលារៀន ៤) ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ៥). ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ៦). ការអនុវត្តស្តង់ដាសាលារៀនគំរូ, ៧). ការអភិវឌ្ឍប្រព័ន្ធសម្រាប់គាំទ្រដល់ការសិក្សារបស់សិស្ស ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន និងការគ្រប់គ្រងវត្តមានសិស្ស គ្រូ ជាដើម និង៨). ការពង្រឹងនិងពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាថ្នាក់ដំបូង ទាំងការបំប៉នឡើងវិញ ការបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យ និងការប្រឹក្សាគរុកោសល្យ។
គូសបញ្ជាក់ថា គម្រោងការអប់រំកម្រិតមូលដ្ឋាន ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង៖ (១). ធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីផ្តល់នូវការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលរួមមានទាំងការពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗ (២). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដោយការពង្រឹងនូវគុណភាពនៃពេលវេលាសិក្សា សុខភាព សុខុមាលភាពរបស់សិស្ស ក៏ដូចជាផ្តល់បរិយាកាសសិក្សាដ៏ល្អមួយសម្រាប់សិស្ស និង(៣). ការកែលម្អអភិបាលកិច្ចតាមវិស័យ តាមរយៈការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធ HRMIS ឱ្យមានគុណភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀន៕