ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អរគុណចំពោះអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងអធិការកិច្ច ក្នុងការអភិវឌ្ឍមូលធនមនុស្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Opening Ceremony of Training on Survey -Based Research) ដើម្បីផ្តល់នូវចំណេះដឹង, ជំនាញ, បទពិសោធ និងឧត្តមានុវត្តន៍ ជូនសិក្ខាកាមក្រសួងអធិការកិច្ចលើវិធីសាស្ត្រនៃការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រ ដោយមាន លោកគ្រូឧទ្ទេសជាជនជាតិខ្មែរ និងបរទេសមានបទពិសោធយូរឆ្នាំលើការងារនេះ តាមរយៈទ្រឹស្តី លំហាត់អនុវត្ត និងការពិភាក្សាជាក្រុម។
ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពី លោកស្រី Meloney Lindberg (មេឡូនី លីនប៊ឺក) ប្រធានអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា (The Asia Foundation) ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូឧទ្ទេស និងសហការី មកពីអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាមក្រសួងអធិការកិច្ចសរុបចំនួន ២៥០នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានការសហការគាំទ្រពីអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា និងវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន ៦០រូប មកពីនាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានទាំង៣, វិទ្យាស្ថានជាតិអធិការកិច្ច, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តីផងដែរ។ គួរកត់សម្គាល់ផងដែរថា នេះជាលើកទីពីរ និងជាលើកដំបូងក្នុងអាណត្តិ ឯកឧត្តមរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានផ្តល់ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងអធិការកិច្ច តាមរយៈវគ្គបណ្តុះបណ្តាល ដោយលើកទី១ ជាការកសាងសមត្ថភាពលើជំនាញស្រាវជ្រាវ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប្រធានអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ និងជួយគាំទ្រដល់ក្រសួងអធិការកិច្ច នាពេលកន្លងមក។ គួររំលឹកផងដែរថា, ផ្លែផ្កានៃវគ្គបណ្តុះបណ្តាលនេះ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារ និងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបន្ទាប់មកឈានដល់ការចុះហត្ថលេខារវាងតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា និងវិទ្យាស្ថានជាតិអធិការកិច្ច លើកិច្ចព្រមព្រៀងសហប្រតិបត្តិការបណ្តុះបណ្តាល ស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាពចាំបាច់ និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់នៅក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសចូលរួមអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមន្ត្រីអធិការកិច្ច ស័ក្តិសមជា «ភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា លោកស្រី Meloney C. Lindberg (មេឡូនី លីនប៊ឺក), សហការី និងលោកគ្រូឧទ្ទេស ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងអធិការកិច្ច ក្នុងការអភិវឌ្ឍមូលធនមនុស្ស ហើយសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហការ រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា នឹងមានជាបន្តបន្ទាប់ទៀតនា ពេលឆាប់ៗខាងមុខនេះ សំដៅសម្រេចបាននូវគោលបំណងរួម គឺការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមទិសស្លោក «អធិការកិច្ច ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» ៕