ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាព សម្តេចចៅហ្វាវាំង គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលកន្លងមក សម្តេច តែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូពុះពារគ្រប់ឧបសគ្គ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លូងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕