ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្ញើសារលិខិតរំលែកទុក្ខ គោរពជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សារលិខិតរំលែកទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា មានខ្លឹមសារដូចខាងក្រោម៖
«តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលអនិច្ចកម្ម នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ តាងនាមមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយ បំផុតចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលត្រូវជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគំរូមួយរូបប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ ការបាត់បង់ សម្តេចចៅហ្វាវាំង គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជីតាទួត ជាទី គោរពស្រឡាញ់ ដែលក្នុងមួយជីវិតនេះសម្តេចបានលះបង់អស់កម្លាំង កាយចិត្តប្រាជ្ញាស្មារតី អប់រំទូន្មាន ថែរក្សាកូនចៅ ចៅទួតឱ្យក្លាយជាធនធានមនុស្សដ៏ល្អប្រពៃប្រកបដោយចរិយា មាយាទល្អ មានសីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពរបស់សម្តេចចៅហ្វាវាំង គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកបដោយឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានលះបង់តស៊ូគ្រប់ ឧបសគ្គដើម្បីជាតិនិងប្រជាជន ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ដោយបានដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រៀងរហូតមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា ព្រមទាំងមន្ត្រីរាជការទាំងអស់» ៕