អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាថ្មីឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់កុំឱ្យកើតមាននៅមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ក្រៅពីបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាខែកន្លងមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ទៅដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាប់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យភូមិឃុំមានសុវត្ថិភាព រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើ។
ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន និងក្មេងទំនើង ឯកឧត្តម គួច ចំរើន បានស្នើឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញភារកិច្ច ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាក់ពិន័យនៅតាមផ្លូវគោលដៅនានាឱ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះត្រូវបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ត្រូវចុះបង្ក្រាបដោយប្រើវិធានការច្បាប់គ្មានការលើកលែង។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការផ្សព្វផ្សាយពាក់ព័ន្ធកន្លែង បើកលេងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានពីសំណាក់សារព័ត៌មាននានា ដែលបានផ្សាយព័ត៌មានមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឱ្យផ្សព្វផ្សាយព័ត៌មានគ្មានការពិតបំពុលសង្គមតទៅទៀត ព្រោះវាបានធ្វើឱ្យខាត់កម្លាំងកាយ ធនធាន និងរំខានពេលវេលារបស់សម្ដកិច្ចយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ និងបង្ក្រាបលើទីតាំងមិនមែនជាពិត។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងចំរុះគណៈបញ្ជាការឯកភាពក្រុង-ស្រុក រួមមាននគរបាល អាវុធហត្ថនិងកម្លាំងប្រជាការពារត្រូវសហការគ្នា ក្នុងការចុះត្រួតពិនិត្យអាវុធជាផ្ទុះដោយប្រទាក់ក្រឡាគ្នានៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណា លុបបំបាត់មិនឱ្យកើតមានឡើងនូវករណីការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត់។
ដោយពេលនេះជារដូវវស្សាមានភ្លៀងខ្យល់ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការជួយដោះស្រាយផ្សេងៗ និងត្រៀមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយនានាកើតមានឡើងនៅមូលដ្ឋាន ពីព្រោះទុក្ខលំបាក់ និងអាយុជីវិតប្រជាពលរដ្ឋគឺជារឿងសំខាន់ណាស់ដែលក្នុងនាមយើងជាអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំទៅដល់សាខាពន្ធដារខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខិតខំផ្តល់សេវាបង់ពន្ធឱ្យបានល្អ និងឆាប់រហ័ស ពិសេសមន្ទីរអង្គភាពពាក់ព័ន្ធក៏ត្រូវជួយសហការណ៍ផ្សព្វផ្សាយណែនាំ ដល់អ្នកដែលត្រូវបង់ពន្ធឱ្យចូលរួមសហការណ៍មកបង់ពន្ធឱ្យបានទាន់ពេលវេលា សំដៅជំរុញដល់ការរកចំណូលពន្ធបានតាមផែនការកំណត់ ដើម្បីយកមកអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន ជាពិសេសមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក៏ត្រូវខិតខំបង្កើនលឿនការចែកប្លង់រឹង ឬវិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ជូនដល់ដៃប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សផងដែរ ៕