រដ្ឋលេខាធិការក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាល នៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ឆ្នាំ២០២៤
ភ្នំពេញ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គយល់ដឹង ស្ដីពី នីតិវិធី និងទម្រង់ នៃការរៀបចំគម្រោងស្នាដៃរបស់យុវជន ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ ប្រធានបទ៖ “STEM ក្នុងវិស័យថាមពលបៃតង” ក្រោមអធីបតីភាព ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍ថា៖ “ ក្នុងនាមយុវជនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាព មានទំនុកចិត្ត ភាពក្លាហាន ស្មារតីសាមគ្គីភាព ក្នុងកិច្ចការស្រាវជ្រាវនូវអ្វីដែលថ្មី និងបង្កើតស្នាដៃថ្មីសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ។
ក្នុងន័យនេះ ឯកឧត្ដមបណ្ឌិត បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សជាសិក្ខាកាមទាំងអស់ រយៈពេល២ថ្ងៃនេះ សូមយកចិត្តទុកដាក់ សិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅលើខ្លឹមសារមេរៀន ដែលវាគ្មិនបង្ហាត់បង្ហាញ ព្រោះនេះគឺជាឱកាសសម្រាប់ក្មួយៗចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុនក្នុងការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងលើការប្រកួតប្រជែងគម្រោងស្នាដៃរបស់ខ្លួន”។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃនាយកដ្ឋានអប់រំយុវជននិងកុមារ ដែលខំតខំអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍយុវជនកម្ពុជា ជាពិសេសការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ ប្រធានបទ៖ “STEM ក្នុងវិស័យថាមពលបៃតង” ដល់យុវជនមកពី ២៥ រាជធានី ខេត្ត នាឱកាសពេលនេះ៕