ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា នាពេលខាងមុខ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជានាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកមហោស្រពស្ថាបត្យកម្មកម្ពុជាដែលនឹងរៀបចំឡើងថា ជាដំណើរមួយដ៏ត្រឹមត្រូវលើវិថីនៃដំណើររបស់កម្ពុជា និងបានចាត់ទុកក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពនេះថា ជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភមហោស្រពឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យនិងជាការបើកទំព័រនៃសហសម័យកម្ពុជាផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជានៅទីស្ដីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានប្រាប់អ្នកចូលរួមថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតរបស់យើងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ។ជាពេលវេលាដ៏សមស្របដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រយៈពេល ៥០០ឆ្នាំមកនេះ ។ រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ,ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទម្លាប់បូកបញ្ចូលគ្នាដើម្បីឱ្យសមស្របទៅនឹងការវិវត្តនៃសហសម័យកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះពោរពេញដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានពន្លឺសុភមង្គល, មានជីវភាពល្អប្រសើររស់នៅដោយភាពសុខក្សេមក្សាន្ត។ដូច្នេះការងារនេះតម្រូវឱ្យយើងទាំងអស់គ្នាត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថាតើយើងត្រូវបោះជំហានទៅមុខដោយរបៀបណាក្នុងការកសាងសង្គមជាតិឱ្យកាន់តែល្អប្រសើរ ៕