មណ្ឌលសុខភាពសំរោងខេត្តពោធិ៍សាត់ បានកំពុងបង្ហាញភាពជាអង្គភាពគំរូដល់អង្គភាពដទៃទៀតទូទាំងប្រទេស ក្នុងនាមជាអង្គភាពផ្តល់សេវាសាធារណៈគំរូជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ជាផ្នែកមួយនៃសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ សម្រាប់កម្រិតមណ្ឌលសុខភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូអញ្ជើញចុះទស្សនកិច្ចនៅមណ្ឌលសុខភាពសំរោង ដែលជាមណ្ឌលសុខភាពផ្តល់សេវាសាធារណៈជ័យលាភី១ សម្រាប់ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាមួយ លោកស្រីប្រធានមណ្ឌលសុខភាព លោកគ្រូពេទ្យ អ្នកគ្រូពេទ្យប្រចាំមណ្ឌលសុខភាព និងប្រជាសហគមន៍ដែលបានចូលរួមពិធី និងបានចូលជួបសួរសុខទុក្ខស្រ្តីដែលទើបសម្រាល និងអ្នកជំងឺដែលបានសម្រាកព្យាបាលនៅទីនោះ ព្រមទាំងបានត្រួតពិនិត្យស្ថានភាពជុំវិញមណ្ឌលសុខភាពផងដែរ។
ទន្ទឹមនោះ លោកស្រីប្រធានមណ្ឌល បានរាយការណ៍ពីវឌ្ឍនភាពនៃការវិវត្តនិងការអភិវឌ្ឍមណ្ឌលសុខភាពចាប់តាំងពីការកកើតមកដល់បច្ចុប្បន្ន ធនធានដែលមានក្នុងការបម្រើសេវា សេវាសំខាន់ៗដែលកំពុងបម្រើដល់ប្រជាសហគមន៍ដូចជាការព្យាបាល ការថែរទាំ ការអប់រំ ការចាក់បង្ការ និងការចុះមូលដ្ឋាន។ ហើយចំពោះសមិទ្ធផលរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មណ្ឌលសុខភាពសំរោងបានសម្រេចសូចនាករដល់និងលើសទិសដៅនៃគោលដៅថ្នាក់ជាតិ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកស្រីប្រធានមណ្ឌលរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងការកោតសរសើរនិងមានមោទនភាពដែលមណ្ឌលសុខភាពសំរោងបានសម្រេចសមិទ្ធលើសពីការរំពឹងទុក ដែលការបម្រើសេវានីមួយៗជូនប្រជាពលរដ្ឋមានរាគរយកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារកត្តាសាមគ្គីភាពនិងការដឹកនាំ និងបានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងការអនុវត្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការបញ្រ្ជាបព័ត៌មានជូនដល់ប្រជាពលរដ្ឋអំពីសេវាសុខភាពឱ្យកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្ត។
សូមជម្រាបជូនថា នៅព្រឹកនេះប្រធានមណ្ឌលសុខភាពទូទាំងប្រទេស បានអញ្ជើញទៅចូលរួមទស្សនកិច្ចនៅមណ្ឌលសុខភាពសំរោង ដើម្បីសិក្សាឈ្វេងយល់និងដកស្រង់បទពិសោធ រួមជាមួយនឹងការពិភាក្សាចែករំលែកបទពិសោធគ្នាទៅវិញទៅមក ៕