អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ មានទុនវិនិយោគប្រមាណ១៥០០លានដុល្លារ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា។
គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ កសាងឡើងក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដោយផ្អែកតាមផែនការមេច្បាស់លាស់។
កម្មវិធីសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ រួមមាន៖
-ដំណាក់កាលទី១៖ ពីឆ្នាំ ២០២០-ឆ្នាំ២០៣០។ សម្រាប់អ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។
-ដំណាក់កាលទី២៖ ពីឆ្នាំ ២០៣០-២០៥០។ សម្រាប់អ្នកដំណើរ៣០លាននាក់ ក្នុងមួយឆ្នាំ
-ដំណាក់កាលទី៣៖ ក្រោយឆ្នាំ២០៥០។ សម្រាប់អ្នកដំណើរពី៥០លាននាក់ឡើងទៅក្នុងមួយឆ្នាំ ៕