នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពសម្តេច គង់ សំអុល ដែលកំពុងឃ្លាតចាកឆ្ងាយស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតពោរពេញដោយព្រហ្មវិហារធម៌ និងសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕