សម្តេចធិបតី អរគុណដល់ពលរដ្ឋទាំងអស់ដែលមិនបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ សីហា
ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ សីហា ២០២៤ តាមការញុះញង់របស់បុគ្គលជ្រុលនិយមមួយចំនួននៅក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺមិនអនុញ្ញាតឱ្យផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមជ្រុលនិយមបានសម្រេចនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏មានកាតព្វកិច្ចក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការបែកបាក់សាមគ្គីភាពជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍទៅមុខជាបន្តទៀត ៕