អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់យុវជនដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់យុវជនដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
ចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមូលដ្ឋានរស់នៅរៀងៗខ្លួន។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា “ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ នៅតាមទីលំនៅជាក់ស្តែងរៀងៗខ្លួន។ ថ្ងៃនេះ ខ្ញុំបាទបានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោតក្នុងភូមិសាស្ត្រក្រុងសំរោង និងបានចុះឈ្មោះផ្ទាល់ខ្លួនប្តូរការិយាល័យបោះឆ្នោតពីរាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ការចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងខេត្តឧត្តរមានជ័យសរុបបានចំនួន ៥៧៣នាក់។
សូមអញ្ជើញប្អូនៗដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមូលដ្ឋានរស់នៅរៀងៗខ្លួន”៕