នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហានសេនាធិការ និងសង្កេតការណ៍
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ដល់នាយទាហានសេនាធិការ ៤រូប និងនាយទាហានសង្កេតការណ៍ចំនួន ២ រូបដែលត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាពទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនាពេលខាងមុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំពាក្យពេចន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្តល់អនុសាសន៍ណែនាំដល់នាយទាហានសេនាធិការ និងសង្កេតការណ៍ទាំងអស់ ត្រូវបំពេញការងារឱ្យបានត្រឹមត្រូវតាមការកំណត់របស់អង្គការសហប្រជាជាតិ និងប្រកបដោយក្រមសីលធម៌ សុជីវធម៌ ជាពិសេស ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍របស់សម្តេចតេជោ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០០៦។ នាយទាហានសេនាធិការ និងសង្កេតការណ៍ទាំងអស់ ត្រូវរក្សាអធិបតេយ្យភាព សាមគ្គីភាព សហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ ប្រទេសជាមិត្តនៅតំបន់បេសកកម្ម ជាពិសេសត្រូវគោរពច្បាប់ទម្លាប់របស់សាមីប្រទេសដែលខ្លួនទៅបំពេញបេសកកម្មនោះ និងហាមដាច់ខាតការជួញដូរល្មើសច្បាប់ផ្សេងៗដូចជា ភ្លុកដំរី ចែកាច់….។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា នាយទាហានសេនាធិការ និងសង្កេតការណ៍ ដែលត្រៀមហោះហើរនាពេលនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីរបស់ អ.ស.ប និងហាមដាច់ខាតនូវការសេពសន្ធវៈ ជួញដូរផ្លូវភេទស្រ្តី និងកុមារ សេពគ្រឿងស្រវឹង រួមទាំងគោរពតាមបទបញ្ជារបស់មេបញ្ជាការនៅតំបន់បេសកកម្ម មិនត្រូវប្រកាន់ភាពអត្តនោម័ត មើលត្រូវស្រាលការងារ និងបង្កើតការប្រុងប្រយ័ត្នអោយបានខ្ពស់។ ក្រៅពីនេះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្ថែមទៀតថា នាយទាហានសេនាធិការ និងសង្កេតការណ៍ត្រូវត្រៀម រៀបចំសម្លៀកបំពាក់ ឯកសណ្ឋាន អោយត្រឹមត្រូវ សមរម្យ សម្ភារបរិក្ខារ ថ្នាំសង្កូវ ផ្សេងៗ អោយបានគ្រប់ចំនួនតាមតម្រូវការក្នុងអំឡុងពេលបំពេញបេសកកម្ម និង ឯកសារផ្សេងៗតាមការកំណត់របស់ អ.ស.ប និងឯកសារពាក់ព័ន្ធ ដូចជាលិខិត ឆ្លងដែនជាដើម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់នាយទាហានទាំង ០៦ រូប ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ច និងនាំយកនូវកិត្តិយសជូនជាតិ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩,៨១៥នាក់ ក្នុងនោះនារី ៨៥៤នាក់ ទៅកាន់ប្រទេសចំនួន១០ និង ១២បេសកកម្ម។ កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ៕