ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូនលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្តីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៧ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋហ្វីលីពីន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យការទូត ការពារជាតិ សុខាភិបាល អប់រំ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរការចូលកាន់តំណែងរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនលោកជំទាវ និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់ អំពីបេសកកម្ម ចក្ខុវិស័យ និងផែនការសកម្មភាពរបស់ក្រសួងអធិការកិច្ច។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកការទូត ការពារជាតិ សេដ្ឋកិច្ច ការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ទៀតផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើ គ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស តាមរយៈនយោបាយការទូតសេដ្ឋកិច្ចដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយន្តការ លើកទឹកចិត្តជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលថាបានដាក់ចេញ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ដែលស្នូលនៃយុទ្ធសាស្ត្រនេះគឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ នៅក្នុងឆ្នាំដំបូងនៃនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា ក្នុងនោះការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់សាធារណៈ ការបន្តការដ្ឋានកែទម្រង់ស៊ីជម្រៅ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបើក ការដ្ឋានព្រែកជីកហ្វូណនតេជោ និងសមិទ្ធផលសំខាន់ៗជាច្រើនទៀត ព្រមទាំងទទួលបាននូវការគាំទ្រពីប្រជាជន នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។
ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពី ចក្ខុវិស័យចំនួន៤ របស់ក្រសួងអធិការកិច្ច រួមមាន៖ ១).ការពង្រឹងនិងអភិវឌ្ឍសមត្ថភាពស្ថាប័ន, ២).ការកសាង និង អភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្ស, ៣).ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យ អធិការកិច្ច និង៤).ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែកជួយពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់ភាពស្អាតស្អំ គណនេយ្យភាព និងតម្លាភាពក្នុងស្ថាប័នសាធារណៈ។ ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចដូចខាងក្រោម៖
១)-ឯកភាពក្នុងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រហាក់ប្រហែលនៅប្រទេសហ្វីលីពីន ជាមួយក្រសួងអធិការកិច្ច។
២)-ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដោយចាត់តាំងក្រុមការងារបច្ចេកទេសពិភាក្សាលម្អិត។
៣)-ឯកភាពក្នុងការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចតាមរយៈការពិនិត្យលទ្ធភាពផ្តល់ការបណ្តុះបណ្តាល។
៤)-ឯកភាពសម្របសម្រួលរៀបចំទទួលគណៈប្រតិភូត្រួតពិនិត្យផ្ទៃក្នុងពីប្រទេសហ្វីលីពីន ចូលជួបពិភាក្សាការងារ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំរបស់ប្រទេសហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូរ ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនឿយ៉ាងមុតមាំថាចំណង ការទូតរវាងប្រទេសទាំងពីរ នឹងកាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលខាងមុខ ៕