សម្ដេចធិបតី៖ មកដល់ពេលនេះ មានពលរដ្ឋជាង ៤០ម៉ឺននាក់ហើយ បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ហើយ បានចូលរូមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥឡូវប្រជាពលរដ្ឋជាង៤០ ម៉ឺននាក់ ហើយក្នុងមួយថ្ងៃចូល១ម៉ឺន ឬ២ម៉ឺននាក់ បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយខ្ញុំមិនថាអ្វីទេបងប្អូនដែលចង់ចូលរួមកសាងបន្តបន្ទាប់ ខ្ញុំមិនថាអ្វីទេ»។
សម្តេចធិបតីមានប្រសាសន៍ថា រឿងកសាងហេដ្ឋារចនាសម្ព័ន្ធនេះ រាជរដ្ឋាភិបាលមិនបានយកចាញ់ឈ្នះនោះទេគឺរាជរដ្ឋាភិបាលត្រូវមើលចំណុចណាដែលធំ ហើយបើរវល់តែធ្វើការបកសា្រយពីចង់ធ្វើរបង ឬធ្វើផ្លូវហើយមិនធ្វើអ្វីសោះ នោះហើយជាការខាតធំ។
សម្ដេចធិបតីបានអះអាងថា អ្វីដែលខាតធំបំផុតគឺ ការមិនអាចគ្រប់គ្រងសភាពការណ៍បាន រហូតដល់ឱ្យប្រទេសឆេះ សេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះដោយសារកាអស្ថិរភាព ការកាប់ចាក់គ្នាក្នុងប្រទេស ធ្វើឱ្យបាត់បង់សន្តិសុខ ដែលនេះជាគ្រោះថ្នាក់ធំ។
សម្តេចធិបតីសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលបានបញ្ជាក់ហើយថាដើម្បីឆ្លើយតបនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ គឺថែរក្សាសុខសន្តិភាព ស្ថិរភាពធ្វើយ៉ាងណាកុំឱ្យប្រទេសបែកបាក់ឡើងវិញ។ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវអធិបតេយ្យភាពនូវទឹកដីខេត្តទាំង៤ មិនឱ្យបាត់បង់តាមរយៈជំរុញកំណើនប្រជាពលរដ្ឋ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់ និងធ្វើការអភិវឌ្ឍនៅតំបន់ដែលមានកង្វល់នោះ» ៕