លោក ជិន ប៊ុនធឿន ដឹកនាំគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា លោក ជិន ប៊ុនធឿន និងសហការីទាំងអស់ សូមគោរពចូលរួមរំលែកទុក្ខប្រកបដោយក្តីក្តុកក្តួលជាទីបំផុតជូនចំពោះ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងក្រុមគ្រួសារ ក្នុងសេចក្តីស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តមបំផុតនៃក្រុមគ្រួសារ។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាមន្ត្រីរៀមច្បង និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ដែលស្ទើរពេញមួយជីវិតបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បម្រើយ៉ាងស្មោះស្ម័គ្របំផុតក្នុងបុព្វហេតុ “ជាតិ សាសនា ព្រះមហាក្សត្រ” រួមចំណែកយ៉ាងធំធេងលើការងារសង្គម និងកិច្ចការមនុស្សធម៌ ព្រមទាំងបានចូលរួមបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន បន្សល់ទុកជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសការដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបានជោគជ័យដ៏ត្រចះត្រចង់លើកិច្ចការជាតិ និងអន្តរជាតិថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងនាមឯកឧត្តមប្រធានគណៈកម្មាធិការសាខា លោកនាយកសាខា និងសហការីទាំងអស់ សូមគោរពចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕