រាជរដ្ឋាភិបាល មិនត្រូវការប្រើកងកម្លាំងដើម្បីការពារព្រំដែននោះទេ គឺត្រូវប្រើពលរដ្ឋជារបងព្រំដែនរស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រូវការប្រើកងកម្លាំងកងទ័ព កម្លាំងប៉ូលីស ដើម្បីទៅមើលបង្គោលព្រំដែន និងការពារព្រំដែននោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការប្រជាពលរដ្ឋនៅទីនោះ ដើម្បីជួយជាបង្គោលព្រំដែនជារបងព្រំដែនរស់ ដែលនេះគឺជាគោលដៅរបស់យើង។
នាឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងមិនត្រូវការប្រើកម្លាំងកងទ័ព កម្លាំងប៉ូលីស ដើម្បីទៅមើលបង្គោលព្រំដែននោះទេ យើងការពារប្រឆាំងបទល្មើសផ្សេងៗ សម្របសម្រួល ប៉ុន្តែយើងត្រូវការប្រជាពលរដ្ឋនៅទីនោះ ដើម្បីជួយជាបង្គោលព្រំដែន ជារបងព្រំដែនរស់របស់យើង នេះគឺជាគោលដៅរបស់យើង»។
សម្តេចធិបតី បានមានប្រសាសន៍ថា រឿងផ្លូវនៅតាមព្រំដែននេះ ទោះបីយើងមិនទាន់មានលទ្ធភាពធ្វើផ្លូវកៅស៊ូរាប់ពាន់គីឡូម៉ែត្រក៏ដោយ ប៉ុន្តែយ៉ាងណាយើងដាក់ផ្លូវដីជាជំហានៗសិន ហើយជាបន្តបន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពធ្វើជាបណ្តើរៗ ដើម្បីតភ្ជាប់ផ្លូវនៅតាមព្រំដែនឱ្យបាន ខណៈដែលផ្លូវនៅសល់ប្រមាណ ១ ៣០០គីឡូម៉ែត្រទៀត។
សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា នៅពេលដែលធ្វើផ្លូវនេះហើយនឹងរុញប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះ តាមរយៈការផ្តល់ដី ផ្តល់ផ្ទះជូនពួកគាត់ ហើយកន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកកម្ម និងសំណង់ បានធ្វើរាប់ពាន់ខ្នងរួចមកហើយ។ សម្តេចបន្ថែមថា កាលពីថ្ងៃទី២២ កន្លងមកនេះ សម្តេចបានថែមគោលនយោបាយមួយទៀត កម្មវិធីដីសម្បទានមួយទៀត គឺកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចេរភាព ហើយកម្មវិធីនេះធ្វើនៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស និងផ្តល់អទិភាពខ្ពស់ដល់ខេត្តនៅជាប់ព្រំដែន៕