វេទិកាសាធារណៈក្រោមប្រធានបទ៖”ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា” រៀបចំឡើងនៅ ឃុំព្រែកមាស
ភ្នំពេញ៖ វេទិកាសាធារណៈក្រោមប្រធានបទ៖”ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា” រៀបចំឡើងនៅ ឃុំព្រែកមាស កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលសំណូមពរចំនូន១៧ និងបានដោះស្រាយរួចរាល់ទាំង១៧សំណូមពរ។
ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសៀមប៉ាង និង ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត ជាអនុប្រធានទី១ និងក្រុមការងារចុះមូលដ្ឋានស្រុកសៀមប៉ាង។
ក្នុងនោះមានការកត់សំគាល់ថា ការស្នើសុំសាងសង់សាលារៀនបន្ថែម នៅសាលាបឋមសិក្សាខិះក្រោមជាសំណូមពរអាទិភាព រកដំណោះស្រាយ ត្រៀមសាងសង់បន្ថែម សាលា១ខ្នង មាន២បន្ទប់ធ្វើអំពីឈើ និងមណ្ឌលសុខភាព ខ្វះគ្រូពេទ្យ ត្រូវបានអាជ្ញាធរស្រុករកដំណោះស្រាយរួចរាល់ ។
លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បានមានប្រសាសន៍ថា៖ ការធ្វើវេទិការសាធារណៈនេះក្នុងគោលបំណងអនុវត្តន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល តម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់រដ្ឋបាលនានាសំដៅបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿននិងមានតម្លាភាព។
ក្នុងវេទិការឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសថា វេទិកា សាធារណៈក្រោមប្រធានបទ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ ក្នុងឃុំព្រែកមាស និងបញ្ហាប្រឈមនានា ដែលកើតមានកន្លងមកពិសេសវេទិកានេះ ផ្តល់នូវឱកាសផងដែរ ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការបញ្ចេញមតិរបស់ខ្លួននូវក្តីកង្វល់សំណូមពរ និងតម្រូវការ ក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ស៊ី សួន បានថ្លែងថា វេទិការសាធារណៈដែលរៀបចំឡើងដោយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងការលើកស្ទួយការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងស្រុកឲ្យមានការរីកចំរើន ដែល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕