ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តម សរ សុពុត្រា បានដឹកនាំប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងនាមគណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា បានសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង និងសូមចូលរួមរម្លែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ព្រមទាំងក្រុមគ្រួសារសាច់សារលោហិតទាំងអស់។
ឯកឧត្តម សរ សុពុត្រា បានចាត់ទុកមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្កហធម៌ដ៏ល្អថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបប្រកបដោយមនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីតស៊ូគ្រប់ឧបសគ្គ ចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏រុងរឿងឈានឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរៀងរហូតមក។
ឯកឧត្តម សរ សុពុត្រា ក៏សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕