ឯកឧត្តម សួស យ៉ារ៉ា ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូតរបស់ប្រធានាធិបតីនៃប្រទេសហុងគ្រី
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត (The Officers’ Cross of the Order of Merit of the Republic of Hungry) ផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្តមបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) បានលើកឡើងថា គ្រឿងឥស្សរិយយសនេះផ្តល់ជូនជនជាតិហុងគ្រី និងជនបរទេស ដែលមានស្នាដៃក្នុងការអភិវឌ្ឍជាតិ និងសកលលោក។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តម សួស យ៉ារ៉ា បានចូលរួមចំណែកនៅក្នុងការពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ល្អររវាងហុងគ្រី និងកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ក្នុងការទទួលស្គាល់ស្នាដៃការងារការទូតកន្លងមករបស់ឯកឧត្តម និងគូសបញ្ជាក់ថា ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺលើសពីកិត្តិយសសម្រាប់ឯកឧត្តម ប៉ុន្តែជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏រឹងមាំ ស៊ីជម្រៅនៃប្រទេសទាំងពីរ ដែលបានកសាងឡើងដោយអ្នកដឹកនាំជំនាន់មុន និងបច្ចុប្បន្ន និងឥស្សរជនសំខាន់ៗ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព និងភាពជាដៃគូជាមួយប្រទេសហុងគ្រី ក្រោមការដឹកនាំដ៏ពិសេសរបស់នាយករដ្ឋមន្រ្តី Viktor Orban និងក្រុមការងារដែលមានសមត្ថភាពក្នុងរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឯកឧត្តម សួស យ៉ារ៉ា សង្ឃឹមថា កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងបច្ចេកវិជ្ជា នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពតាមរយៈការងារការទូតសភា ៕