អភិបាលរងខេត្តកំពង់ស្ពឺ៖ ក្រៅពីការងារជំនាញកងទ័ពត្រូវតែយល់ដឹង និងបន្តតាមដានបន្ថែមទៀតនូវសភាពការណ៍ថ្មី សិក្សាក្តាប់ឱ្យបានពីឧបាយកលពួកអមិត្តប្រឆាំងចង់ផ្លួលរំលំរដ្ឋាភិបាល
ភ្នំពេញ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ក្រៅពីការងារជំនាញកងទ័ពត្រូវតែយល់ដឹង និងបន្តតាមដានបន្ថែមទៀតនូវសភាពការណ៍ថ្មី សិក្សាក្តាប់ឱ្យបានពីឧបាយកលពួកអមិត្តប្រឆាំងចង់ផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវដាច់ខាតគាំទ្រគោលនយោបាយ ការពារសុខសន្តិភាព ឱ្យបានស្ថិស្ថេគង់វង្ស។
នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ស្ថិតនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនៃពិធីបើកវគ្គនេះផងដែរ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា នេះគឺជាឱកាសមួយដ៏ល្អ និងពិសេសបំផុតសម្រាប់កងទ័ព ដែលជានិច្ចជាកាលតែងតែធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីបង្កើននូវចំណេះជំនាញថ្មីៗបន្ថែមទៀត ទាំងលក្ខណៈបច្ចេកទេស និងសមត្ថភាពប្រយុទ្ធ ស្របទៅតាមបច្ចេកវិទ្យា និងសង្គ្រាមបច្ចុប្បន្ន ។
ស្ថិតក្នុងឱកាសនៃពិធីបើកវគ្គនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ មានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់សិក្ខាកាម ក៏ដូចជាអង្គពិធីទាំងមូលបានជ្រាបថា ពិធីបើកវគ្គនាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដែលត្រូវតែបន្តពង្រឹងវិន័យ សណ្តាប់ធ្នាប់កងទ័ព បច្ចេកទេសការប្រើប្រាស់អាវុធយុទ្ធភ័ណ្ណ និងយុទ្ធវិធីថ្មើជើង ឱ្យបានស្ទាត់ជំនាញអាចឆ្លើយតបនូវរាល់ បទបញ្ជា និងគ្រប់កាលៈទេសៈប្រយុទ្ធ។ ក្នុងនោះដែរ ត្រូវបន្តការងារអប់រំកងទ័ពឱ្យបានយល់កាន់តែច្បាស់ថែមទៀត នូវសភាពការណ៍ដែលកំពង់តែបន្តវិវឌ្ឍន៍ថ្មីៗ ត្រូវមានស្មារតីឆន្ទៈមុះមុត ស្មោះត្រង់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ ការពាសុខសន្តិភាព ការពាច្បាប់រដ្ឋធម្មនុញ្ញ និងត្រូវការពារឱ្យខាងតែបានរាជរដ្ឋាភិបាលស្របច្បាប់ កំទេចរាល់ក្រុមប្រឆាំងក្រុមជ្រុលនិយដែលតែតែងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះក្នុងតម្លៃណាក៏ដោយ ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៣ ក៏បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ យោធាចារ្យ ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ តាមផែនការ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់បទបញ្ជា និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលាពេលមានគ្រោះមហន្តរាយនានា៕