សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យបូជាសព សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាថ្ងៃទី៦ កញ្ញានេះ បានអញ្ជើញចូលរួមពិធីបុណ្យបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ។
សូមជម្រាបថា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន សម្តេចរដ្ឋសភាធិបតី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តីសង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ចំពោះក្រុមគ្រួសារ ដែលកន្លងមក សម្តេច តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅបុត្រធីតា និងចៅៗ រហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធខ្ពស់ ដែលក្នុងមួយជីវិតសម្តេចបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕