ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចង់ឱ្យលោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែកញ្ញាថា រុស្ស៊ីចង់ឱ្យលោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក ចោទប្រកាន់រុស្ស៊ីថាបានជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរបស់ខ្លួន។
យ៉ាងណាចំពោះការបោះឆ្នោតនៅពេលនេះ លោក ពូទីន បានប្រាប់វេទិកាសេដ្ឋកិច្ចមួយនៅភាគខាងកើតរបស់រុស្ស៊ីថា៖«វាជាជម្រើសរបស់ប្រជាជនអាម៉េរិក»។ ប៉ុន្តែបន្ទាប់មក លោកបានបន្ថែមថា៖«ដូចដែលលោក បៃឌិន បានណែនាំឱ្យគាំទ្រលោកស្រី ហារីស។ យើងនឹងធ្វើដូចគ្នា យើងនឹងគាំទ្រលោកស្រី»។ លោក ពូទីន បាននិយាយថា លោក ត្រាំ ក្នុងឋានៈជាប្រធានាធិបតី បានដាក់ទណ្ឌកម្មលើរុស្ស៊ី ច្រើនជាងអ្នកកាន់តំណែងមុនៗ។ ហើយលោកជឿថា លោកស្រី ហារីស នឹងមិនដើរតាមគន្លងលោក ត្រាំ ឡើយ។ លើសពីនោះ មេដឹកនាំវិមានក្រែមឡាំង បានសង្កត់ធ្ងន់ថា ទីបំផុតជម្រើសគឺអាស្រ័យលើប្រជាជនអាម៉េរិក ហើយយើងនឹងគោរពជម្រើសនោះ។ យ៉ាងណាមិញ មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកអះអាងថា រដ្ឋធានីមូស្គូនៅតែមានការពេញចិត្តចំពោះលោក ត្រាំ ដែលបានសរសើរលោកពូទីន និងបានស្នើឱ្យកាត់ជំនួយដល់អ៊ុយក្រែន។
កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌អាម៉េរិកបានចោទប្រកាន់ថា ទូរទស្សន៍រដ្ឋរុស្ស៊ី RT កំពុងធ្វើយុទ្ធនាការសម្ងាត់ដើម្បីជះឥទ្ធិពលដល់សាធារណជនអាម៉េរិកមុនការបោះឆ្នោត។ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋពីរនាក់ត្រូវបានចោទប្រកាន់ ហើយមនុស្ស ១០ នាក់ និងអង្គភាពពីរត្រូវបានដាក់ទណ្ឌកម្ម ដោយគេហទំព័រដែលគ្រប់គ្រងដោយវិមានក្រែមឡាំងត្រូវបានរឹបអូស។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីមូស្គូនឹងកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាម៉េរិកជាការឆ្លើយតប។ កាលពីឆ្នាំ ២០១៦ រដ្ឋធានីវ៉ាស៊ីនតោន បានចោទប្រកាន់ថា រុស្ស៊ីបានដំណើរការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីជួយលោក ត្រាំ ឈ្នះការបោះឆ្នោត។
គួររំឭកថា មុនពេលប្រធានាធិបតីសហរដ្ឋអាម៉េរិកបច្ចុប្បន្ន លោក ចូ បៃឌិន ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី នៅពេលត្រូវបានសាកសួរថាតើបេក្ខជនប្រធានាធិបតីរូបណាជាជម្រើសប្រសើរជាងពីទស្សនៈរបស់រុស្ស៊ី លោក ពូទីន បានឆ្លើយថា លោកនឹងធ្វើការជាមួយមេដឹកនាំអាម៉េរិកណាក៏ដោយដែលជាប់ឆ្នោត ប៉ុន្តែចង់ឱ្យលោក បៃឌិន ទទួលជ័យជម្នះ។ ប៉ុន្តែ មេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា៖ «លោក បៃឌិន មានបទពិសោធច្រើន ងាយស្រួលទាយទុកមុន ហើយលោកជាអ្នកនយោបាយជើងចាស់។ ប៉ុន្តែយើងនឹងធ្វើការជាមួយមេដឹកនាំអាម៉េរិកណាដែលប្រជាជនអាម៉េរិកជឿជាក់»។