ព្យុះទីហ្វុង Yagi បង្ខំឱ្យវៀតណាម បិទសាលារៀន ដែលមានសិស្ស៦លាននាក់ និងត្រៀមទាហាន ៤៥ម៉ឺននាក់ដើម្បីទប់ទល់
បរទេស៖ អាជ្ញាធរនៅទីក្រុងហាណូយ ទីក្រុង Hai Phong និងខេត្តភាគខាងជើងចំនួន ១០ទៀត គឺបានបញ្ជាឱ្យបិទសាលារៀន ដើម្បីត្រៀមទុកជាមុនពីផលប៉ះពាល់នៃព្យុះទីហ្វុង Yagi ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលនៅទីក្រុងហាណូយ, Ha Nam, Hai Duong, Phu Tho, Bac Ninh, Ninh Binh និងនៅ Vinh Phuc បានប្រកាសបិទសាលារៀនទាំងអស់នៅថ្ងៃសៅរ៍ស្អែកនេះ។ ខេត្ត Thai Binh និង Nam Dinh បានបិទសាលារៀននៅថ្ងៃសុក្រនេះ និងនៅថ្ងៃសៅរ៍។
នៅទីក្រុង Bac Giang សិស្សចំនួន ៥០០.០០០នាក់នឹងនៅផ្ទះនៅថ្ងៃសៅរ៍ ដោយសាលារៀនមានឆន្ទានុសិទ្ធិ ក្នុងការអនុញ្ញាតឱ្យសិស្ស ទៅផ្ទះចាប់ពីរសៀលថ្ងៃសុក្រប្រសិនបើចាំបាច់។
សិស្សជាង ៥២០.០០០នាក់ នៅក្នុងទីក្រុង Hai Phong ក៏នឹងស្នាក់នៅផ្ទះចាប់ពីថ្ងៃសៅរ៍ ដោយបន្តរហូតដល់ព្យុះកន្លងផុតទៅ។ សម្រាប់សាលារៀន ដែលត្រូវបានគេចាត់ទុកជាជម្រកខ្យល់ព្យុះ សិស្សត្រូវបានបញ្ជូនទៅផ្ទះវិញចាប់ពីថ្ងៃត្រង់ថ្ងៃសុក្រនេះ។
សាលារៀនត្រូវបានណែនាំឱ្យតាមដានវឌ្ឍនភាពនៃព្យុះនេះយ៉ាងជិតស្និទ្ធ និងធានាថាបុគ្គលិកកំពុងរង់ចាំសម្រាប់ការឆ្លើយតបភ្លាមៗ។ ជាមួយគ្នានោះដែរ វៀតណាមបានត្រៀមបុគ្គលិកយោធាសរុបចំនួន ៤៥៧.៤៦០នាក់ រួមទាំងទាហាន ៩៩.១០០នាក់, កងសេនាជន ៣១៨.៩០០នាក់ និងសមាជិកកងកម្លាំងបម្រុងចំនួន ៣៩.៣៧០នាក់ រួមជាមួយនឹងរថយន្តជាង ១០.១០០គ្រឿង សម្រាប់ដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងព្យុះទីហ្វុង Yagi។