រដ្ឋមន្រ្តីទេសចរណ៍ ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងពិភាក្សាការងារ គណៈកម្មការដើម្បីរៀបចំព្រឹត្តិការណ៍ ហ្កាំបល ៣០០០ រ៉ាល់លី នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការដើម្បីរៀបចំព្រឹត្តិការណ៍ ហ្កាំបល ៣០០០ រ៉ាល់លី (Gumball 3000 Rally in Cambodia) នៅកម្ពុជា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងពិភាក្សាការងារ គណ:កម្មការដើម្បីរៀបចំព្រឹត្តិការណ៍ហ្កាំបល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា (Gumball 3000 Rally in Cambodia ) ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានគណ:កម្មការ និងតំណាងក្រសួង ស្ថាប័ន អ្នកជំនាញផ្សេងៗជាសមាជិកនៃអង្គប្រជុំ ។
ការរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ជាខួបលើកទី២៤ និងជាលើកទី១ ដែលក្បួនរថយន្តទេសចរណ៍ នឹងធ្វើដំណើរឆ្លង់កាត់ចំនួន ៥ប្រទេស ក្នុងតំបន់អាសី (ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាទ្បេសី និងសិង្ហបុរី ) ជាមួយនឹងការស្នាក់នៅកម្ពុជា រយៈពេល ២យប់ ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ធៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ឆ្ពោះមករាជធានីភ្នំពេញ ស្នាក់នៅភ្នំពេញមួយយប់ និងពេលព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 ចំនួន ១០១គ្រឿង នឹងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តសៀមរាប តាមផ្លូវេជាតិលេខ ៦ រួមជាមួយរថយន្តមហាជនគាំទ្រក្នុងស្រុកចំនួនប្រមាណ ២៧០គ្រឿង ។
វត្តមាននៃព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ មានការចូលរួមពី មហាសេដ្ឋី អតីតកីទ្បាករលំដាប់អន្តរជាតិ តារាហូលីវូដ តារាចម្រៀង តារារ៉េប Youtuber, Influencers និងបុគ្គលល្បីឈ្មោះជាច្រើនរូបទៀតនៅជុំវិញពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះផងក៏មានកម្មវិធីបំបែកកំណត់ត្រាពិភពលោក Gumball World Records ចំពោះការដាក់បង្ហាញរថយន្តប្រណិតៗ និងច្រើនជាងគេ នៅមុខបរិវេណប្រាសាទអង្គរវត្ត និងគណៈប្រតិភូ Gumball 3000 រួមជាមួយក្រុមរថយន្តក្នុងស្រុក ក៏បានរៀបចំការប្រមូលថវិកាសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៕