ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្ដម បណ្ឌិត ហេង សុខគន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់។
ពិធីពិនិត្យ និងព្យាបាលជម្ងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានថ្លែងក្នុងឱកាសនោះថា ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ជាង ៣០០នាក់ ដែលជាគ្រូពេទ្យជំនាញតាមបណ្ដារមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយ លោក ហេង សុគន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ដើម្បីចុះមកជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំកោះសូទិន ដោយឥតគិតថ្លៃ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានបញ្ជាក់ផងដែរថា ដើម្បីជួយសម្រាលទុក្ខលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះសូទិន លោក និងខិតខំព្យាយាមធ្វើម៉េចឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឲ្យបានក្នុងមួយឆ្នាំម្ដង ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ផងដែរថា វត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ។ ពីព្រោះថ្នាក់ដឹកនាំបានមើលឃើញថា បញ្ហានៅចំពោះមុខនេះ គឺជាការលើកកម្ពស់គុណភាពជីវិត គឺការរស់នៅប្រកបដោយសុខដុមនីយកម្ម ពោលគឺ ថ្នាក់ដឹកនាំយើង បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋអំពីជីវភាពផង និងសុខភាពផង។
ដូច្នេះហើយទើបក្រុមការងារ បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមក ដើម្បីមកជួយដោះបន្ទុកបងប្អូនប្រជាពលរដ្ឋ ឲ្យជាពីជំងឺ ឱ្យរួចផុតពីក្តីកង្វល់ និងចូលរួមជួយកាត់បន្ថយការចំណាយ របស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំកោះសូទិននេះ។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា ការជួបជុំគ្នាដោយទឹកមុខរីករាយនៅថ្ងៃនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ហើយសុខសន្តិភាពនេះគឺមានតម្លៃលើសអ្វីៗ ទាំងអស់ ជាពិសេសបានផ្ដល់ឱកាសឲ្យយើងបានជួយគ្នាលើបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ ដូចថ្ងៃនេះ៕