វិមានក្រឹមឡាំង៖ រុស្ស៊ី មិនមានកាលវិភាគ សម្រាប់ការបញ្ចប់ប្រតិបត្តិការ ពិសេស នៅអ៊ុយក្រែននោះទេ
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តប្រតិបត្តិការ យោធាពិសេសរបស់ខ្លួន រហូតដល់គោលដៅទាំងអស់ ត្រូវបានសម្រេច ហើយបច្ចុប្បន្នមិនទាន់មានការកំណត់ថា នឹងបញ្ចប់នៅពេលណានោះទេ។
លោក Peskov បានឲ្យដឹងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ដែលបច្ចុប្បន្នកំពុងរៀប ចំនៅទីក្រុងវ្លាឌីស្ដុក ភាគខាងកើតនៃប្រទេសរុស្ស៊ីថា “យើងត្រូវបំពេញគោលដៅ ដែលបានកំណត់នៅពេលចាប់ផ្តើម ប្រតិបត្តិការយោធាពិសេស”។
លោក Peskov បានបន្តថា វាមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាព និងការព្យាករណ៍ សម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បីបង្កើតស្ថាបត្យកម្ម សន្តិសុខថ្មីមួយនៅទូទាំងទ្វីប។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា មិនមានការកំណត់ ពេលវេលាជាក់លាក់ណាមួយទាក់ទងនឹងពេលណា ដែលប្រតិបត្តិការពិសេសគួរតែបញ្ចប់នោះទេ។ លោកបានបន្ដថា “ពេលវេលាមិនសំខាន់នៅទីនេះទេ”។