កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ករណីលួចរថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង ដែលកើតឡើងនៅភូមិសាស្ដ្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា ដោយជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងធ្វើការដកហូតបានវត្ថុតាង រថយន្តទាំង២គ្រឿង ដែលជារបស់ជនរងគ្រោះយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ZHANG JUN អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ក្នុងនោះ វត្ថុតាងចាប់យកបានរថយន្ត២គ្រឿង ដែលជារបស់ជនរងគ្រោះ ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕