សម្តេចតេជោ អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀង រៀបចំដោយវេទិកាចំណេះដឹងពិភពលោក
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀង ថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។
ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។
ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕