អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ភ្នំពេញ៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចូលជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់ ស្ថិតនៅភូមិតាប៉ាង និងភូមិគោកតាចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង លោកអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង លោកស្រី វ៉ាន ស្រីឡែន អង្គការអ្នកត្រួសត្រាយអង្គរ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំង២ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រីសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គការអ្នកត្រួសត្រាយអង្គរ ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាល ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តសៀមរាប។ ទឹកចិត្តទាំងនេះនឹងធ្វើឲ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្តព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនេះជាប់ជានិច្ច។
ជាមួយគ្នានេះដែរលោកស្រី អភិបាលរងខេត្ត ក៏បានយកចិត្តទុកដាក់ផងដែរ ផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍសាលារៀននៅគ្រប់មូលដ្ឋាន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជា អគារសិក្សា ទីចាត់ការ បណ្ណាល័យ សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត សំដៅលើកកម្ពស់វិស័យអប់រំ។ ក្នុងន័យនេះ សមិទ្ធផលអាគារសិក្សាថ្មីដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមបំពេញបន្ថែមនូវបន្ទប់សិក្សាក្នុង សាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់។
លោកស្រី អភិបាលរងបានបន្ថែមទៀតថា លោកស្រីសង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ក្នុងការបំពេញការងារ និងការសិក្សាប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោកស្រីបានសំណូមពរចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់ សិស្សានុសិស្សឆ្លើយតបទៅនឹងចតុស្តម្ភទាំងបួនរបស់វិស័យ អប់រំជាតិ ដោយលោកគ្រូ អ្នកគ្រូ ត្រូវបញ្ចេញសមត្ថភាព បង្រៀន និងអប់រំសិស្សឲ្យបានល្អក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ ជាតម្រូវការដែលកុមារ និងយុវជនទាំងអស់ត្រូវការ ដោយប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះឲ្យបានល្អ គង់វង្សយូរអង្វែងតរៀងទៅ៕