ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nong Rong អនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម Nong Rong បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជា និងចិន ក៏ដូចជាទំនាក់ទំនងអាស៊ាន-ចិន ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវវិស័យសក្តានុពលទ្វេភាគីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលរួមមាន សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង អន្តរកាលបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ និងការអភិវឌ្ឍនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឡូជីស្ទិក តាមរយៈពាណិជ្ជកម្ម និងវិនិយោគ ជាដើម។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការស្វែងរកមធ្យោបាយក្នុងការបង្កើតគម្រោងជាក់ស្តែងសម្រាប់អនុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ៕