រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណ ត្រូវបានរៀបចំរួចរាល់
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការរៀបចំរចនាសម្ពន្ធមួយចំនួននៅប្រាសាទតាព្រហ្មកិល ដែលរងការខូចខាតដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញ។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល ឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុលតួប្រាសាទតាព្រហ្មកិល ក្រុមការងារកំពុងបន្តរៀបចំបរិវេណខាងមុខប្រាសាទនោះ មាន ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី។
ការរៀបចំរចនាសម្ពន្ធរបស់មន្ទីរពេទ្យបុរាណនេះឡើងវិញ ចាំបាច់ត្រូវពង្រឹងខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំងមកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួនឱ្យមានសណ្តាប់ធ្នាប់ ហើយទេសចរអាចទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យនៅជ្រុងអាគ្នេយ៍ផង៕