សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំធ្វើប្រព័ន្ធធារាសាស្រ្ត ជាច្រើនកន្លែងទៀត ដើម្បីជួយសម្រួលដល់ប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវប្រព័ន្ធធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម ។
ក្នុងឱកាសអញ្ជើញ បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់ចេញនូវការអនុគ្រោះជាច្រើនដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាពន្ធអាករនៅក្នុងស្រុក និងការនាំចេញ ការសម្រួលការបញ្ចុះថ្លៃអាគ្គិសនីនៅក្នុងវិស័យកសិកម្ម និងកំពុងពិនិត្យដើម្បីផ្ដល់ការអនុគ្រោះលើវិស័យផ្សេងៗជាច្រើនទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្រោមស្មារតីយកចិត្តទុកដាក់លើវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជនផងដែរ ៕