សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបន្តរក្សានូវគុណភាពស្រូវ អង្ករកម្ពុជា ឲ្យបានល្អប្រសើរបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវឱ្យបន្តរក្សាដោយប្រកាន់ខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និងស្ថិរភាពផ្គត់ផ្គង់ ដើម្បីការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា។
ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ នៃស្រូវអង្កររបស់កម្ពុជា ព្រោះនេះជាផលប្រយោជន៍រួមរបស់យើង»។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើវិស័យស្រូវអង្ករ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ព្រមទាំងការលើកលែងពន្ធសម្រាប់ការនាំចូលគ្រឿងចក្រកសិកម្មជាដើម។
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំ និងមធ្យមចំនួន ៨០ ដែលមានស្ដង់ដារ ហើយអាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិលើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ ៥០ ពាន់តោន ក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិនស្រូវ និងផ្គត់ផ្គង់អង្ករនាំចេញបានជាង ៣ លានតោនក្នុងមួយឆ្នាំ៕