មេដឹកនាំកូរ៉េខាងជើង អះអាងថា ប្រទេសរបស់ខ្លួននឹងបង្កើនចំនួនអាវុធនុយក្លេអ៊ែរ
បរទេស៖ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថា នាពេលបច្ចុប្បន្ន ប្រទេសនេះកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរ ដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ ឱ្យបានឆាប់រហ័ស។
KCNA បានរាយការណ៍បន្តថា កាលពីថ្ងៃចន្ទ នៅក្នុងសន្ទរកថានៅថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាក់ថា ប្រទេសនេះត្រូវតែរៀបចំឱ្យបានហ្មត់ចត់បន្ថែមទៀតនូវសមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ។
លោកបានបន្តថា វត្តមានយោធាដ៏រឹងមាំគឺចាំបាច់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួក។
លោកក៏បានបន្ថែមថា កូរ៉េខាងជើងកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីអ្វីដែលខ្លួនបានឲ្យដឹងថាជា ប្លុកយោធាមានមូលដ្ឋាននុយក្លេអ៊ែរ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិជាមួយរដ្ឋជាសមាជិកនៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) នៅថ្ងៃអង្គារ។ UNC ដឹកនាំដោយមេបញ្ជាការយោធាសហរដ្ឋអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង។