កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង២៧លានដុល្លារ ពីប្រតិបត្តិការផែ អាជ្ញាធរផែ និងសេវាកម្ម ក្នុងរយៈពេល៨ខែមកនេះ
ភ្នំពេញ៖ ត្រឹមរយៈពេល៨ខែឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង២៧លានដុល្លារអាមេរិកកើនឡើង ១៥ភាគរយធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ដែលតួលេខនេះនៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី៩ ខែកញ្ញា បានបង្ហាញឱ្យដឹងថា សម្រាប់ការប្រមូលចំណូលប្រចាំខែសីហានេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍ការប្រមូលចំណូលសរុបបានចំនួនជាង ៤,៤១លានដុល្លារអាម៉េរិក កើនឡើង២៥ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ ក្នុងនោះ ការប្រមូលចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨១លានដុល្លារអាម៉េរិក ចំណូលពីអាជ្ញាធរផែ ជាង ៥សែនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។
ដោយឡែក ការប្រមូលចំណូលសម្រាប់រយៈ៨ខែ ឆ្នាំ២០២៤វិញ កំពង់ផែស្វយ័តភ្នំពេញរកបានសរុបជាង ២៧លានដុល្លារអាម៉េរិក កើនឡើង១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួនជាង ២២លានដុល្លារអាម៉េរិក ចំណូលពីអាជ្ញាធរផែជាង ៣ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជិត១ម៉ឺនដុល្លារ។
សូមបញ្ជាក់ផងដែរថា ក្នុងខែកញ្ញានេះវិញតាមការគ្រោងទុកនាវាខ្នាតអន្តរជាតិ Rv. Mekong Discovery ថ្មីរបស់ក្រុមហ៊ុន Lotus Cruises Co., Ltd. នឹងមកដល់ចំណតផែពហុបំណងTS៣ នៅថ្ងៃទី១៤ វេលាម៉ោង ១៧:៣០ នាទីល្ងាចខាងមុខ។ កន្លងមកក្រុមហ៊ុន Lotus Cruises Co., Ltd. បានប្រើប្រាស់សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) នូវនាវារបស់ក្រុមហ៊ុនចំនួន ៣ គ្រឿងមកហើយសម្រាប់ដឹកភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅប្រទេសកម្ពុជាយើង ដែលនេះជាផ្នែកមួយក្នុងការចូលរួមចំណែកដល់កំណើនភ្ញៀវទេសចរណ៍របស់កម្ពុជា ៕