លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញប្រកាសលោក សំ សារ៉ាវុធ ចូលកាន់តំណែង ជាអភិបាលរងខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនួសលោក អ៊ិត ជំនិត ដែលត្រូវទៅកាន់តួនាទីថ្មី ជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។
លោក កើត ឆែ បានថ្លែងថា ដើម្បីបន្តនិរន្តរភាពរដ្ឋបាល និងបន្តពង្រឹងស្នាដៃការងារឲ្យកាន់តែល្អផូរផង់ទៀតនោះ លោកអភិបាលរងខណ្ឌ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែង នាពេលនេះ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ច សហប្រតិបត្តិល្អ ជាមួយនឹងបណ្តាអង្គភាពរដ្ឋ, មន្ទីរអង្គភាពជំនាញ, វិស័យឯកជន, និងអង្គការសង្គមស៊ីវិល នឹងត្រូវចាត់ទុកថា «សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច»។
លោកអភិបាលរង បានបញ្ជាក់ថា ពិធីប្រកាសតែងតាំងក្នុងថ្ងៃនេះ ធ្វើឡើងជាធម្មតា នៅក្នុងដំណើរការមុខងារសាធារណៈសម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ដែលតែងតែមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៍ទៅតាមនិតិវិធី ដែលកំណត់ដោយច្បាប់។
លោក កើត ឆែ បានគូសបញ្ជាក់ថា ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ មនសិកា ឆន្ទៈ និងសុខភាពត្រូវដើរទន្ទឹមគ្នា។ យើងត្រូវដឹងថា៖ អំណាចគឺជាភ្លើង បើយើងប្រើប្រាស់ភ្លើងនោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋ គេនឹងរកវិធីពន្លត់ភ្លើងនោះឲ្យបាន។ តែបើយើងចេះប្រើភ្លើងនោះ ឲ្យបានត្រឹមត្រូវ បំរើប្រជាពលរដ្ឋពេលនោះ ប្រជាពលរដ្ឋនឹងការពារភ្លើងនោះ ឲ្យបំភ្លឺជារៀងរហូត។
លោកបន្ដថា ជាមន្ត្រីបំរើប្រជាពលរដ្ឋ ត្រូវចាត់ទុកថា អ្នកនៅជុំវិញយើង, អ្នកក្រោមបង្គាប់យើង សុទ្ធតែជាគ្រូរបស់យើង ពួកគាត់មានទស្សនៈល្អៗ យើងត្រូវទទួលយក នឹងបន្តខិតខំស្រាវជ្រាវ ពីគោលការច្បាប់ ដើម្បីបំរើប្រជាពលរដ្ឋឲ្យចំគោលដៅ។
លោកអភិបាលរង បានអំពាវនាវដល់មន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សាខណ្ឌ ក៏ដូចប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណន្ត តេជោ ដែលជាគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេតេជោប្រធានព្រឹទ្ធសភា និងបានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល និតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រសមិទ្ធិផលមួយនេះ ដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ត្រូវបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការគាំទ្រសារសំឡេងពិសេស របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងកិច្ចសម្ភាសន៍បកស្រាយរបស់លោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV.DTA) ដើម្បីរួមគ្នាបន្សាបចរន្តប្រឆាំង និងត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា គាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន ស្របតាមការអំពាវនាវ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ៕