ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ លើសូនាករសមិទ្ធកម្មគន្លឹះ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញលើសូនាករសមិទ្ធកម្មគន្លឹះ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
ឆ្លងកាត់នូវកិច្ចពិភាក្សាពិគ្រោះយោបល់លើសូចនាករសមិទ្ធកម្មគន្លឹះ ព្រមទាំងការកំណត់បន្ទាត់មូលដ្ឋានចំណុចដៅស្ថាប័នដឹកនាំការអនុវត្ត និងស្ថាប័នចូលរួមអនុវត្ត គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ (ហៅកាត់ថា គ.យ.ប.) បានសម្រេចស្នើនូវសូចនាករសមិទ្ធកម្មគន្លឹះរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៦ រួមមាន៖១). ចំនួនឆ្នាំការអប់រំរបស់ប្រជាជនមានអាយុធ្វើការជាមធ្យម ២). សន្ទស្សន៍លទ្ធផលសិក្សា (តេស្តថ្នាក់ជាតិ) ៣). លទ្ធផលការវាយតម្លៃ PISA ៤). ចំនួនសាលារៀនបានបំពេញស្តង់ដារសាលារៀនគំរូ ៥). ចំនួនសាលារៀនជំនាន់ថ្មី និង ៦). ភាគរយនៃសាលារដ្ឋដែលមានកុំព្យទ័រដំណើរការ និងតភ្ជាប់ប្រព័ន្ធអគ្គិសនី និងអ៉ីនធើណែត។
ដើម្បីឆ្លើយតបនឹងសំណើសូចនាកររបស់ គ.យ.ប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឡើងជាទស្សនទានសម្រាប់កិច្ចពិភាក្សាក្នុងអង្គប្រជុំនាព្រឹកនេះ ឱ្យយកយុទ្ធសាស្ត្រតាម ចំណុចគន្លឹះ ហើយផ្គូផ្គងជាមួយសូចនាករអប់រំ (អភិបាលកិច្ច, សាលាគំរូ) និងសូចនាករយុទ្ធសាស្ត្របញ្ចកោណ (បញ្ចកោណទី១ និងបញ្ចកោណទី៥)។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញដើម្បីអនុវត្តការងារបន្ត ដូចជា៖ សូមឱ្យនាយកដ្ឋាននីមួយៗ រៀបចំសូចនាកររបស់ខ្លួនឯង ត្រូវសម្របសម្រួល តម្រឹមសូចនាការជាមួយផែនការសិក្សាអប់រំ និងកិច្ចព្រមព្រៀង ,និងសូមពិនិត្យពិភាក្សាគ្នារកដំណោះស្រាយឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងការពង្រាយគ្រូ ដោយត្រូវចាត់ការងារនេះជាអាទិភាព។
ខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្រុមការងារត្រូវផ្តោតសិក្សាដើម្បីឈានទៅកំណត់សូចនាករ រួមមាន ៖
– មុំទី១ ៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គោលដៅជាយុទ្ធសាស្ត្រ គឺការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM), និងការពង្រឹងការអប់រំកាយ និងកីឡា ។
– បញ្ចកោណទី១ ៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និង កំណើន សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតលើអាទិភាព ៥ រួមមាន ៖ (១). ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; (២). ការបណ្តុះបណ្តាលជំនាញបច្ចេកទេស; (៣). ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន; (៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង; និង(៥). ការពង្រឹងភាពជា ពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន។
– បញ្ចកោណទី៥ ៖ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជី ថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។ ក្នុងន័យនេះរាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ (១). ការកសាងរដ្ឋាភិបាលឌីជីថល និង ពលរដ្ឋឌីជីថល (២). ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក និង ប្រព័ន្ធនវានុវត្ត ឌីជីថល (៣). ការកសាង និង ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល; (៤). ការកសាងភាពជឿទុកចិត្តលើ ប្រព័ន្ធ ឌីជីថល; និង (៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕