អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាទជុំ នៅចុងឆ្នាំនេះ
ភ្នំពេញ៖ ការងារជួសជុលប្រាសាទបាទជុំ ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមកញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមទាំង៤រួត និងកំពុងបន្តជួសជុលរួតទី៤។
អ្នកជំនាញរូបនេះបញ្ជាក់ថា រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។ ក្រុមការងារសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ហើយប្រើប្រាស់ឥដ្ឋចាស់ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។ ប្រើស្នូលដែកទាមនៅទីតាំងហែកខ្លាំង។ បិទកំបោរបាយអការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។
បន្ទាប់ពីបញ្ចប់ការងារជួសជុលរួតទាំង៤រួតផ្នែកខាងលើតួប៉មកណ្តាលប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើង-ចុះ របស់ទេសចរផង៕