ឯកឧត្តម សុខ សប្បាយណា៖ ទាល់តែហត់ទើបយើងខ្លាំង ទាល់តែពិបាកទើបយើងរឹងមាំ ទាល់តែតស៊ូទើបយើងលូតលាស់ ទាល់តែខិតខំទើបយើងជោគជ័យ
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ រយៈពេលមួយថ្ងៃពេញ បានបញ្ចប់ដោយរលូនតាមការគ្រោងទុកនៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានអញ្ជើញបិទដោយឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយបានរៀបចំឱ្យមានបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំមកពីអង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈចំនួន ១០រូប លើ ១០ប្រធានបទផ្សេងៗគ្នា។
មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើការកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងវាគ្មិនទាំងអស់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះឡើង ដើម្បីពង្រីក និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់សិក្ខាកាមដែលជាមន្ត្រីរាជការ ដើម្បីទទួលពុទ្ធិថ្មីៗ បទពិសោធន៍ល្អៗ យកនូវធាតុចូលពីវគ្គបណ្តុះបណ្តាលទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ ឯកឧត្តម ដាស់តឿនដល់សិក្ខាកាមទាំងអស់ថា “ក្នុងនាមជាមន្ត្រីរាជការគួរមានវិន័យជាប់ជានិច្ច ក្នុងការបំពេញតួនាទី ភារកិច្ច ដែលជាបេសកកម្មរបស់ខ្លួន ដោយគិតលើផលប្រយោជន៍រួម បម្រើជាតិ និងប្រជាជន មិនមែនគិតត្រឹមតែប្រាក់ខែតែម្យ៉ាងទេ”។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ការគ្រប់គ្រង និងការជ្រើសរើសមន្ត្រីរាជការ កំពុងធ្វើការផ្លាស់ប្តូរពីប្រព័ន្ធអាជីព មកប្រព័ន្ធនិយោជន៍ដែលធ្វើការជ្រើសរើសមន្ត្រីរាជការ មកជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងជំនួសវិញ។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបាន ប្រព័ន្ធការងារមួយ ប្រកបដោយជវភាពប្រព័ន្ធតួអង្គតែមួយ ក្រសួងមុខងារសាធារណៈ កំពុងបន្តការងារវិភាគមុខងារ ដោយរៀបចំការពង្រាយមន្ត្រី និងបង្រួមអង្គភាពមួយចំនួន ដោយធ្វើការពង្រឹង និងពង្រីកសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗ លើជំនាញពាក់ព័ន្ធជូនដល់មន្ត្រីបន្ថែមទៀត ដោយមិនមានការជ្រើសរើសមន្ត្រីរាជការនោះទេ។
ដើម្បីសម្រេចនូវកិច្ចការងារស្នូល និងការជំរុញវិធានការគន្លឹះដែលដាក់ចេញដោយរាជរដ្ឋាភិបាល ហើយដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកឡើងនូវប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាចំណុចពិសេសរបស់ក្រសួងមុខងារសាធារណៈ នោះគឺ សុខដុម រវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់អង្គភាពទាំងអស់នៃក្រសួងមុខងារសាធារណៈ, ឆន្ទៈមុះមុតរបស់មន្ត្រីរាជការក្នុងការបំពេញបេសកកម្មរបស់ខ្លួន និង ស្មារតីក្នុងការបំពេញការងារ និងបេសកកម្មរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យសិក្ខាកាមអស់ រក្សាសាមគ្គីភាព បន្តទំនាក់ទំនងល្អរវាងអង្គភាព និងអង្គភាព និងមានចិត្តអំណត់ តស៊ូព្យាយាមក្នុងការបំពេញការងារ ព្រមទាំងហ៊ានផ្តល់យោបល់ ប៉ុន្តែកុំថ្នាំងថ្នាក់ប្រសិនបើមិនបានទទួលយក ហើយត្រូវខិតខំប្រឹងប្រែងធ្វើការងារឱ្យចេញជាលទ្ធផលប្រកបដោយឆន្ទៈ មនសិការ កុំបោះបង់ កុំរាថយ ក្នុងការទទួលយកឱកាស។ ក្នុងន័យនេះ ឯកឧត្តម បានលើកនូវពាក្យមួយឃ្លាថា “ទាល់តែហត់ទើបយើងខ្លាំង ទាល់តែពិបាកទើបយើងរឹងមាំ ទាល់តែតស៊ូទើបយើងលូតលាស់ ទាល់តែខិតខំទើបយើងជោគជ័យ”៕