អាមេរិក ជំរុញឱ្យអឺរ៉ុប បង្ហាញការមិនពេញចិត្តកាន់តែខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បានបញ្ជាក់កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបង្ហាញការមិនពេញចិត្តកាន់តែខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការយោធាដ៏កើនឡើងរវាងចិន និងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោក Campbell ដែលបានជួបជាមួយមន្ត្រីបែលហ្ស៊ិក អង្គការណាតូ និងសហភាពអឺរ៉ុបពីថ្ងៃចន្ទ បាននិយាយថា លោកបានផ្តល់ព័ត៌មានលម្អិតអំពី «ការគាំទ្រដ៏ច្រើន» របស់ចិនដល់មូលដ្ឋានឧស្សាហកម្មយោធារបស់រុស្ស៊ី និងផលវិបាកនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ លោកបានបញ្ជាក់ថា ការគាំទ្រភាគច្រើននេះត្រូវបានធ្វើឡើងដោយសម្ងាត់។
លោក Campbell បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុបចូលរួមសកម្មជាងមុន ក្នុងការបង្ហាញការមិនពេញចិត្តចំពោះទំនាក់ទំនងនេះ និងតម្រឹមជំហរជាមួយសហរដ្ឋអាមេរិកក្នុងការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីបង្ហាញពីការព្រួយបារម្ភ និងត្រៀមខ្លួនចាត់វិធានការចាំបាច់ រួមទាំងការពិចារណាដាក់ទណ្ឌកម្មផងដែរ។
អនុរដ្ឋមន្ត្រីរូបនេះ ក៏បានគូសបញ្ជាក់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន ក្នុងវិស័យដូចជានាវាមុជទឹក និងការរចនាយន្តហោះ រួមទាំងបច្ចេកវិទ្យាបំបាំងកាយ និងមីស៊ីលផងដែរ។
លោកបានព្រមានថា ការគាំទ្រពីរុស្ស៊ីក្នុងការអភិវឌ្ឍសមត្ថភាពយោធារបស់ចិន អាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណា លោក Campbell បានកត់សម្គាល់ពីការកើនឡើងនៃការឯកភាពគ្នារវាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ ទាក់ទងនឹងគោលនយោបាយចំពោះចិន។ លោកបានសង្កត់ធ្ងន់ថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់ចិន ទោះបីជានៅមានភាពខុសគ្នាខ្លះក្នុងចំណោមសម្ព័ន្ធមិត្តក៏ដោយ៕