សម្តេចធិបតី លើកទឹកចិត្តក្រុមប្រឹក្សាភិបាល និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ បន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ បន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាថែមទៀត ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែតំបន់ប្រកបដោយ ភាពប្រកួតប្រជែង ខ្ពស់ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
សម្តេចធិបតី ក៏បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ» ៕