សម្តេចធិបតី ចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី ១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋា រចនា សម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ ៕