ឯកឧត្តម ប៊ុន ហុន បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាង អនុក្រឹត្យនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ តំណាងក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាននិងថ្នាក់ដឹកនាំដែលជាអនុប្រធាន និងសមាជិកជាច្រើនរូបផងដែរ។
ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅ ប្រមូលផ្តុំ បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាច បម្រើដល់ការអនុវត្តរបស់មន្ត្រីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ រៀបចំឡើងក្នុងគោលបំណងកំណត់អំពី ការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម ៕